ខេត្តកំពង់ឆ្នាំង ៖ ជាយូរលង់ណាស់មកហើយ ក្បាច់គុនបុរាណខ្មែរ គឺមានបែបផែនច្រើនប្រភេទច្រើនវិជ្ជាការ ។ វិជ្ជាគុនទាំងនោះមានក្បាច់ខុសៗគ្នាដែលខ្មែរជំនាន់ដើម បានហាត់រៀនដើម្បីការពារខ្លួនផងដែរ ។ វិជ្ជាគុនទាំងនោះមានដូចជា គុនល្បុក្កតោ គុនដាវ គុនខែល គុនលំពែង គុនកាំបិត គុនដំបងវែង ដំបងខ្លី និងគុនដៃ។ល។
ដោយឡែកវិជ្ជាគុនចំបាប់ក៏ជាវិជ្ជាគុនបុរាណមួយផង ដែរ ក្នុងបណ្ដាវិជ្ជាគុនខាងលើវិជ្ជាគុនចំបាប់ត្រូវបានបុព្វបុរសខ្មែរ យើងប្រើប្រាស់ជាប្រយោជន៍ការពារខ្លួន និងជាការលេងកំសាន្ដក្នុងឱកាសពិធីបុណ្យឡើងអ្នកតា បុណ្យប្រចាំភូមិ និងបុណ្យចូលឆ្នាំជាដើមដែលភាគច្រើនគេលេងកំសាន្ដតាមវត្ដអារាមនានា។
លោកសុក ធួក ប្រធានវប្បធម៌ និងវិចិត្រសិល្បៈខេត្ដកំពង់ឆ្នាំងបានបញ្ជាក់ថា ក្បាច់គុនចំបាប់នេះតាមការសិក្សាស្រាវជ្រាវ គឺបានកើតឡើងនៅសតវត្សទី១២ នៃគ្រិស្ដសករាជដែលការបញ្ជាក់បែបនេះ គឺលោកសំអាងថា នៅតាមប្រាសាទព្រះខ័ន ទីលានជលដំរី គឺគេឃើញមានរូបចម្លាក់ប្រកួតក្បាច់គុនចំបាប់នេះជាតឹកតាង។ លោកបានបន្ដថា កាលពីដើមឡើយការប្រកួតក្បាច់គុនចំបាប់មានដល់ទៅ១២ទឹកឯណោះ ប៉ុន្ដែអ្នកស៊ូទ្រាំក្នុងការប្រកួតបានត្រឹមតែ ៣ទឹកប៉ុណ្ណោះ គឺមានអ្នកចុះញ៉មហើយ ប៉ុន្ដែបច្ចុប្បន្នក្នុងការប្រកួតក្បាច់គុនចំបាប់នេះ គឺមានបីទឹកដែរតែគេសន្យាគ្នាថា បើភាគីណាខ្នងដល់ដី គឺជាអ្នកចាញ់ ។ ខុសកាលពីជំនាន់ដើម បើភាគីណាដួលគេសួរទៅអ្នកនោះថា “ហប ឬញ៉ម” បើអ្នកដួលនោះឆ្លើយថា “ហប” គឺគាត់អាចងើបតតាំងបានទៀត ប៉ុន្ដែបើគាត់ឆ្លើយថា “ញ៉ម” នោះ គឺគាត់ចុះចាញ់ហើយ ។ កាលសម័យរាជព្រះបាទស៊ីសុវត្ថិ អ្នកគុនចំបាប់ត្រូវបានគេកេណ្ឌឱ្យមកប្រកួតដើម្បីជ្រើសរើសអ្នក ខ្លាំងពូកែលើគេ។ ពិធីល្បងឫទ្ធិឬល្បងក្បាច់គុននេះភាគច្រើនត្រូវបានរៀបចំឡើងនៅ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។
ចំពោះអ្នកគុនចំបាប់ទាំងនោះ អ្នកឈ្នះ ត្រូវបានព្រះរាជាប្រទានរង្វាន់៥រៀល ចំណែកអ្នកចាញ់ គឺបាន៣រៀល (ប្រាក់រៀលសម័យនោះថ្លៃណាស់) ។ សព្វថ្ងៃនេះ គុនចំបាប់គេឃើញមានចាស់បុរាណខ្លះបាននាំគ្នាថែរក្សាដោយបង្ហាត់ តកូនតចៅជំនាន់ក្រោយដោយហេតុនេះហើយទើបតាមភូមិខ្លះនៅប្រទេសកម្ពុជា ពេលមានបុណ្យឡើងអ្នក តា ឬបុណ្យចូលឆ្នាំខ្មែរ ចាស់ៗទាំងនោះបានរៀបចំឱ្យមានការប្រកួតក្បាច់គុនចំបាប់នេះជាហូរហែ មកមិនដែលខានឡើយ ហើយរាជរដ្ឋាភិបាលក៏បានរៀបចំឱ្យមានកីឡាបោកចំបាប់នេះជាលក្ខណៈជាតិ និងអន្ដរជាតិផងដែរ ។ រីឯភ្លេងដែលត្រូវប្រគំក្នុងពេលប្រកួតក្បាច់គុនចំបាប់គឺមាន ត្រឹមតែឧបករណ៍ស្គរចំបាប់ពីរ (ញីឈ្មោល) និងដំបងវ៉ៃស្គរ ពីរតែប៉ុណ្ណោះ គឺគ្រប់គ្រាន់ហើយ ហើយអ្នកដែលចេះក្បាច់គុនចំបាប់នេះឱ្យតែឮស្គរចំបាប់ គឺញ័រជើងចង់ចូលប្រកួតភ្លាម៕
Reference: http://www.kohsantepheapdaily.com.kh/
No comments:
Post a Comment